ពូបង្កើតរំលោភក្មួយស្រីអាយុ១៣ឆ្នាំ រាប់ភ្លេច សារភាពថា រំលោភបានតែ៤ដងប៉ុណ្ណោះ

ខេត្តត្បូងឃ្មុំ ៖ បុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភក្មួយស្រីបង្កើតរបស់ខ្លួន ដែលទើបនឹងមានវ័យ១៣ឆ្នាំ រហូតដល់បានសម្រេចជាច្រើនដង លុះចុងក្រោយ បក់ដៃហៅក្មួយស្រីទៅកន្លែងស្ងាត់បំណងចាប់រំលោភម្តងទៀត តែត្រូវក្មួយស្រីប្រកែក រួចក៏ត្អូញប្រាប់ម្តាយថាឈឺប្រដាប់ភេទ លុះម្តាយសួរនាំ ទើបបែកធ្លាយរឿងកូនស្រីត្រូវពូបង្កើតចាប់រំលោភរាប់ភ្លេច លុះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យជាពូល្មោភកាម បានប្រកែកថា រូបគេធ្លាប់រំលោភក្មួយស្រីបង្កើតបានតែ៤ដងប៉ុណ្ណោះ។

ករណីពូបង្កើតចាប់រំលោភក្មួយស្រីរបស់ខ្លួនជាច្រើនដង រហូតដល់បែកធ្លាយរឿងត្រូវម្តាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹងនេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិជប់ក្រៅ ឃុំជប់ ស្រុកត្បូងឃ្មុំ។ជនសង្ស័យល្មោភកាមដែលចាប់រំលោភក្មួយស្រីបង្កើតខ្លួនឯងរាប់មិនអស់នេះ មានឈ្មោះមី សេងឡុង អាយុ៤៣ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ប.ទ អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កន្លងមកក្មេងស្រីរងគ្រោះធ្លាប់បានប្រាប់ម្តាយថា ជនសង្ស័យឈ្មោះមី សេងឡុង ត្រូវជាពូបង្កើត ធ្លាប់បានលួងលោមបញ្ចុះបញ្ចូល និងនាំនាងយកទៅរំលោភជាច្រើនលើកច្រើនសារមកហើយ តែស្ត្រីជាម្តាយមិនចាប់អារម្មណ៍ ឬជឿសម្តីកូនស្រីរបស់ខ្លួននោះទេ ព្រោះយល់ថា ជនសង្ស័យត្រូវជាពូបង្កើត មិនអាចធ្វើអំពើលាមកបែបនេះ មកលើក្មួយស្រីឯងនោះទេ។ប្រភពដដែលបន្តថា លុះមកដល់ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យបានបក់ដៃហៅក្មេងស្រីរងគ្រោះឱ្យទៅកន្លែងស្ងាត់ នៅក្នុងភូមិជាមួយខ្លួន បំណងចាប់រំលោភក្មេងស្រីរងគ្រោះសារជាថ្មីម្តងទៀត ប៉ុន្តែត្រូវក្មេងស្រីរងគ្រោះដឹងខ្លួន ប្រកែកមិនព្រមទៅជាមួយជនសង្ស័យឡើយ។ បន្ទាប់មក ក្មេងស្រីរងគ្រោះបានត្អូញប្រាប់ម្តាយរបស់នាងថា នាងឈឺប្រដាប់ភេទណាស់ ទើបម្តាយនឹកឆ្ងល់ពិនិត្យមើល រួចសួរនាំ ទើបក្មេងស្រីរងគ្រោះបានទម្លាយរឿងរ៉ាវទាំងអស់ប្រាប់ម្តាយគ្មានសល់ ទើបធ្វើឱ្យស្ត្រីជាម្តាយមានការភ្ញាក់ផ្អើល និងជឿជាក់ថា កូនស្រីពិតជាទទួលរងអំពើរំលោភសេពសន្ថវៈប្រាកដមែន ហើយក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មួយស្រីបង្កើតជាបន្តបន្ទាប់មែន ពោលគឺធ្លាប់រំលោភចំនួន៤ដង។ យ៉ាងណា ក្មេងស្រីរងគ្រោះបានអះអាងថា នាងត្រូវជនសង្ស័យចាប់រំលោភជាច្រើនដងមកហើយ ពោលគឺរាប់ភ្លេច។ជុំវិញករណីខាងលើនេះ ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យខេត្ត និងត្រូវគ្រូពេទ្យជំនាញ បញ្ជាក់ប្រាប់ថា ក្មេងស្រីរងគ្រោះពិតជាបានដាច់សន្ទះព្រហ្មចារីប្រាកដមែន។

រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖អង្គរធំ

Leave a Reply

Your email address will not be published. Required fields are marked *