លោក​ឈាង វុន ប្រាប់​លោក​ស្រី​រ៉ូណា ស្មីត​ថា​បើ​មិន​យក​កៅអី​អតីត​បក្ស​ប្រឆាំង​ឲ្យ​បក្ស​ផ្សេង​អង្គុយ​ទេ នោះ​ជាតិ​ខ្មែរ​នឹង​ស្លាប់


នៅព្រឹកនេះ លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានបន្តជួបជាមួយលោកហេង សំរិន ប្រធានរដ្ឋសភាខ្មែរ។ ប៉ុន្តែជំនួបនេះគ្រាន់តែជាការជួបសម្តែងការគួរសមប៉ុណ្ណោះ រីឯជំនួបពិភាក្សាផ្លូវការគឺលោកស្រីរ៉ូណា ស្មីតត្រូវជួបដាច់ដោយឡែកជាមួយលោកឈាង វុន តំណាងឲ្យរដ្ឋសភាខ្មែរ។ នៅក្នុងជំនួបជាងមួយម៉ោងនេះ លោកឈាង វុន បានប្រាប់លោកស្រីរ៉ូណា ស្មីតថា ការបែងចែកកៅអីរបស់អតីតបក្សសង្រ្គោះជាតិ គឺដើម្បីឲ្យរដ្ឋសភាគ្រប់លក្ខណៈ បើពុំដូច្នោះទេជាតិខ្មែរនឹងស្លាប់ពុំខាន។

លោកឈាង វុន អ្នកតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានលោកហេង សំរិន ដែលជាប្រធានរដ្ឋសភាខ្មែរចាត់ឲ្យធ្វើជាតំណាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ដើម្បីជួបជជែកផ្លូវការជាមួយលោកស្រីរ៉ូណា ស្មីត។ លោកឈាង វុន បានអះអាងប្រាប់អ្នកកាសែតក្រោយជំនួបនេះថា លោកស្រីរ៉ូណា ស្មីតបានសួរលោកបីចំណុច គឺទីមួយអំពីអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្តខ្មែរនិងបទល្មើសជាក់ស្តែង ហើយទីពីរអំពីការកែរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌដែលបើកផ្លូវឲ្យមានការដាក់ទោសទណ្ឌលើអ្នកដែលប្រមាថព្រះមហាក្សត្រ និង ទីបី គឺសួរអំពីការបែងចែកអាសនៈនៅក្នុងរដ្ឋសភារបស់អតីតគណបក្សសង្រ្គោះជាតិ។

គឺនៅត្រង់ចំណុចនេះហើយដែលលោកឈាង វុន បានប្រាប់ទៅលោកស្រីរ៉ូណា ស្មីតថា នៅកម្ពុជា ការបោះឆ្នោតគឺធ្វើឡើងតាមប្រព័ន្ធសមាមាត្រមិនមែនបោះឆ្នោតឲ្យបុគ្គលឡើយ។ ហេតុដូច្នេះហើយ ប្រសិនគណបក្សជាប់ឆ្នោតណាមួយត្រូវរំលាយ នោះកៅអីនៅក្នុងរដ្ឋសភាក៏ត្រូវរលាយដូចគ្នាដែរ។ លោកឈាង វុន បានអះអាងទៀតថា រដ្ឋសភាខ្មែរមិនអាចទុកចោលរបៀបនេះបានទេ ព្រោះថារដ្ឋសភានឹងមិនគ្រប់លក្ខណៈហើយបើកៅអីគ្មានមនុស្សអង្គុយ នោះជាតិខ្មែរនឹងស្លាប់។ ដើម្បីដោះស្រាយបញ្ហានេះ លោកឈាង វុនបាន ប្រាប់ទៅលោកស្រីរ៉ូណា ស្មីតថា ត្រូវតែពង្រឹងរដ្ឋសភាដែលជាតំណាងឲ្យលទ្ធិប្រជាធិបតេយ្យតាមរយៈការចែងចែកកៅអីរបស់គណបក្សដែលត្រូវរំលាយឲ្យទៅគណបក្សផ្សេង។

អាសនៈនៅក្នុងរដ្ឋសភាចំនួន៥៥កៅអីរបស់អតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរដ្ឋសភាខ្មែរយកទៅបែងចែងឲ្យគណបក្សចំនួន៤ផ្សេងទៀត គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច។ ចំណាត់ការរបស់រដ្ឋសភាខ្មែរនេះ បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ក៏ប៉ុន្តែលោកតំណាងរាស្រ្តឈាង វុន បានថ្លែងការពារចំណាត់ការរបស់រដ្ឋសភាខ្មែរនេះនៅចំពោះមុខលោកស្រីរ៉ូណា ស្មីត ថា ធ្វើឡើងដោយត្រឹមត្រូវ គឺត្រឹមត្រូវឲ្យខ្មែររស់នៅក្នុងសន្តិភាព។ លោកឈាង វុន ក៏បានអះអាងជំនួសលោកស្រីរ៉ូណា ស្មីតប្រាប់ទៅអ្នកកាសែតដែរថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជារូបនេះ បានយល់ហើយពីចំណុចនេះ បន្ទាប់ពីការបកស្រាយរបស់លោក។ តាមលោកឈាង វុនដដែល លោកស្រីរ៉ូណាស្មីត មិនមានសំណូមពរឬក៏សំណើណាមួយមកកាន់រដ្ឋសភាឡើយ។

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានឹងបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជានៅថ្ងៃទី១៤ មីនា។ នៅរសៀលថ្ងៃដដែលនេះ លោកស្រីនឹងធ្វើសន្និសិទកាសែតមួយដូចសព្វមួយដងដែរនៅការិយាល័យសិទ្ធិមនុស្សអ.ស.ប (OHCHR)នៅក្នុងរាជធានីភ្នំពេញ មុនចាកចេញពីប្រទេសកម្ពុជា៕
ប្រភព៖RFI

Leave a Reply

Your email address will not be published. Required fields are marked *