ជិត​ដល់​ថ្ងៃ​រៀបការ កូនស្រី​សេដ្ឋី​តួកគី​ ជួប​គ្រោះថ្នាក់​ធ្លាក់​យន្ដហោះ​ឯក​ជន​ ស្លាប់​អ្នកជិះ ​១១ នាក់​​ស្រី​ទាំង​អស់​


ក្រុងអង់ការ៉ា: យន្ដហោះឯកជនតួកគីមួយ ដែលមានអ្នកដំណើរ ១១ នាក់ សុទ្ធតែជានារីៗ បានធ្លាក់នៅប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ខណៈនាំយកកូនស្រីកំពូលអ្នកជំនួញ និងមិត្ដភក្ដិនាងត្រឡប់មកផ្ទះសម្បែងវិញពីការប្រារឰពិធីនៅអេមីរ៉ាត អារ៉ាប់រួម។

មន្ដ្រីតួកគី និងអ៊ីរ៉ង់ បាននិយាយថា មានអ្នកដំណើរ ៨ នាក់ និងបុគ្គលិកយន្ដហោះ ៣ នាក់ទៀតក៏ជានារីដែរនោះ ជាប្រភទយន្ដហោះឯកជន Bombardier Challenger 604 កម្មសិទ្ធិរបស់ក្រុមហ៊ុនសេដ្ឋីតួកគី Huseyin’s Basaran Holding ដែលបានធ្លាក់នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ខណៈកំពុងហោះពីក្រុងសារចា ទៅកាន់ក្រុង អុស្ដង់ប៊ុល។បណ្ដាញផ្សព្វផ្សាយតួកគី បានរាយការណ៍ថា កញ្ញា មីណា បាសារ៉ាន អាយុ ២៨ ឆ្នាំ ជាកូនស្រីអ្នកជំនួញសេដ្ឋី ហ៊ូសេយីន បាសារ៉ាន បានចំណាយពេលជាច្រើនថ្ងៃនៅ អេមីរ៉ាត អារ៉ាប់រួម ជាមួយមិត្ដភក្ដិស្រីៗ ដោយនាំគ្នាប្រារឰពិធីជប់លៀងលាភាពនៅលីវ ខណៈនាងត្រៀមខ្លួនចូលរោងការនៅខែក្រោយ។

និស្សិតបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ កុស ក្រុងអ៊ីស្ដង់ប៊ុល តាំងពីឆ្នាំ ២០១៣ កញ្ញាបានជិះយន្ដហោះក្រុមហ៊ុនឪពុក Basaran Holding និងត្រូវបានរាយការណ៍ថា នាងនឹងស្នងមរកតមហាសាលពីឪពុកទៀតផង។

រូបភាពចុងក្រោយលើបណ្ដាញអ៊ីនស្ដាក្រាមរបស់ មីណា បារ៉ាសាន បានបង្ហាញថា នាងមានអមដោយដំណើរដោយមិត្ដភក្ដិនារីៗ ៧ នាក់ទៀត ដែលសុទ្ធតែគ្រងរ៉ូប និងពាក់វែនតាខ្មៅ។ ការបង្ហោះនេះ បានបង្ហាញថា រូបភាពត្រូវបានថតនៅសណ្ឋាគារប្រណីត One and Only Royal Mirage ទីក្រុងឌូបៃ។

ក្នុងចំណោមមិត្ដភក្ដិនារីៗ ដែលបានចូលរួមជាមួយនាងនោះ ក៏មានចំនួន ៣ នាក់ទៀត សុទ្ធតែជិតរៀបការ នៅរដូវក្ដៅ ឆ្នាំនេះ។ ជនរងគ្រោះជាច្រើន រួមទាំង កញ្ញា មីណា សុទ្ធតែនារីមានអាជីពជោគជ័យចំពោះមុខជំនួញហ្វាសសិន។

ក្រុមសង្គ្រោះបានពុះពារក្រោមអាកាសធាតុអាក្រក់រយៈពេលជាច្រើនថ្ងៃមុនពេលពួកគេអាចរកឃើញប្រអប់ខ្មៅ និងត្រូវរងនូវការរំខានច្រើនលើកច្រើនសាដោយសារអាកាសធាតុ។ ពួកគេនៅបន្ដប្រឹងប្រែងយកសពពីជ្រលងកម្ពស់ប្រមាណ ៤០០០ ម៉ែត្រទៀត៕ AFP/HR
ប្រភព៖ប៉ុស្ត៏ខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *