លោកហ៊ុនសែន៖យើងជំពាក់បំណុលបរទេសមួយចំនួន តែមិនមែនជាបំណុលដែលយើងខ្ចីទេ លុន នល់ ជាអ្នកខ្ចី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជានឹងធ្វើស្ពានឆ្លងទន្លេខ្លួនឯង មិនប្រើជំនួយពីក្រៅប្រទេស ខណៈអន្តរជាតិ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច បើមិនស្តាប្រជាធិបតេយ្យឡើងវិញ។

លោក ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ១ នៅថ្ងៃនេះ បានថ្លែងថា ស្ពានឆ្លងទន្លេមួយ ដែលគ្រោងសាងសង់ឡើង នៅខេត្តកំពង់ចាម លោកថា កម្ពុជានឹងធ្វើដោយខ្លួនឯង ទាំងបច្ចេកទេស ទាំងកញ្ចប់ថវិកា។

epa04997004 Cambodian Prime Minister Hun Sen leaves the Elysee Palace after a meeting with French President Francois Hollande (not pictured) in Paris, France, 26 October 2015. EPA/CHRISTOPHE PETIT TESSON

លោក ហ៊ុន សែន ថ្លែងទៀតថា ការសាកល្បងនេះ ដើម្បីបង្ហាញថា កម្ពុជាចាប់ផ្តើមពង្រឹងសមត្ថភាពខ្លួនឯង មិនដេករងចាំ តែជំនួយពីខាងក្រៅនោះឡើយ។

លោកថា៖ «យើងសាកល្បងដោយបាតដៃរបស់ជនជាតិកម្ពុជា ក្នុងកងវិស្វកម្មរបស់ក្រសួងការពារជាតិ ហើយនឹងប្រាក់របស់កម្ពុជាទាំងអស់ ប្រើជាងរបស់កម្ពុជាទាំងអស់ បច្ចេកទេសរបស់កម្ពុជាទាំងអស់»។

ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សហគមន៍អន្តរជាតិ បានផ្តល់ជំនួយដល់កម្ពុជា ទាំងថវិកា និងបច្ចេកទេស ពិសេសជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់ ឡើងវិញជាដើម។

ប៉ុន្តែមួយរយៈចុងក្រោយនេះ ក្រោយពីរដ្ឋាភិបាល ចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ និងបិទលំហប្រជាធិបតេយ្យ មុនការបោះឆ្នោតមកដល់នោះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បាននាំមុខគេ ផ្តាច់ជំនួយដល់ គ.ជ.ប និងគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយថា បើរដ្ឋាភិបាល មិនស្តាប្រជាធិបតេយ្យឡើងវិញ។

ក្នុងពិធីនោះដែរ លោក ហ៊ុន សែន បានថ្លែងបែបឌឺដង ថ្មីទៀត ទៅសហរដ្ឋអាមេរិក ពីការទម្លាក់គ្រាប់បែកនៅកម្ពុជានាសម័យសង្គ្រាម និងបានអះអាងថា កម្ពុជានឹងមិនទោរទន់ទៅតាមការដាក់សម្ពាធណាមួយ ពីភាគីខាងក្រៅនោះឡើយ។

លោកថា៖ «យើងជំពាក់បំណុលបរទេសមួយចំនួន តែមិនមែនជាបំណុលដែលយើងខ្ចីទេ។ លុន នល់ ជាអ្នកខ្ចី បានសេចក្តីថាទិញគ្រាប់បែក ទិញមកទម្លាក់នៅប្រទេសរបស់យើង។ អញ្ចឹងប្រៀបដូចជាយកញញួរ មកវាយក្បាលយើង បន្ទាប់ទៅថាប្រឡាក់ញញួរអញសងលុយឲ្យអញទៀត ហ្នឹងជាការឈឺចាប់សម្រាប់យើង។ អញ្ចឹងខ្មែរត្រូវតែធ្វើជាម្ចាស់ទៅលើជោគវាសនា របស់ខ្មែរ មិនត្រូវទោរទន់តាមរបៀបបង្ខំ របស់អ្នកណាមួយទេ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី ចាត់ទុកសារនយោបាយនេះថា ជារឿងធម្មតា របស់អ្នកនយោបាយ ដែលតែងតែអួតអាង ដើម្បីការពារចំណាត់ការរបស់ខ្លួន។ ប៉ុន្តែលោកថា បើកម្ពុជាផ្តាច់ខ្លួនពីសហគមន៍អន្តរជាតិមែន កម្ពុជាទេជាអ្នកខាតបង់។

លោកថា៖ «ការផ្តាច់ខ្លួនពីអន្តរជាតិហ្នឹងហើយ ធ្វើឲ្យបញ្ហាសង្គមសេដ្ឋកិច្ចប្រទេសហ្នឹង ជួនកាលអាចមានការរើបំរាសអីធំដុំទៀត។ ខ្ញុំមិនហ៊ានអះអាងថាកម្ពុជានឹងមានស្ថានភាពបែបហ្នឹងកើតឡើងទេ ប៉ុន្តែសម្រាប់ប្រទេសដទៃកន្លែងខ្លះវាបានជួបនូវវិបត្តិហ្នឹង»។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន កាលពីខែមុន បានប្រតិកម្មថា សុំកុំយកកម្ពុជាធ្វើជាចំណាប់ខ្មាំង ដោយសារតែបញ្ហាប្រជាធិបតេយ្យ។

ប៉ុន្តែអ្នកតាមដានថា សហគមន៍អន្តរជាតិ មានតួនាទីសំខាន់ក្នុងការឃ្លាំមើល និងជំរុញរដ្ឋាភិបាលកម្ពុជា ឲ្យគោរពសិទ្ធិមនុស្ស សិទ្ធិធ្វើនយោបាយ តាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងកតិការសញ្ញានានា ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ជាមួយអង្គការសហប្រជាជាតិ៕
រក្សាប្រភព៖VOD

Leave a Reply

Your email address will not be published. Required fields are marked *