ស៊ឹម ថៃ​ណា នឹក​អាសូរ​អ្នក​ទីទ័ល ទាំង​ខ្លួន​ប្រឹង​ទប់​ថ្លៃ​ម្ដាយ​លាង​ឈាម


ភ្នំពេញៈ រយាលមុខពីវិថីសិល្បៈ ឃ្លាតចាកពីឆាកតន្ត្រី តែតារាចម្រៀងស្រីប្រចាំផលិតកម្ម M កញ្ញា ស៊ីម ថៃណា បែរជាឧស្សាហ៍លេចវត្តមាននៅមន្ទីរពេទ្យក្នុងនាមជាអ្នកកំដរទៅវិញ ដោយមុននេះ នាងបាននៅមើលថែមិត្តរួមអាជីព គឺកញ្ញា ញឹម ចាន់ថន និងថ្មីៗនេះក៏រំលេចសារដ៏វែងអន្លាយ បរិយាយពីសភាពជំងឺរបស់ម្តាយខ្លួនកំពុងមានជំងឺប្រចាំកាយទាមទារឲ្យមានការលាងឈាមជាប្រចាំ អស់រយៈពេលប្រមាណ ១ ឆ្នាំមកហើយដែរ។

ដោយសារបានយល់ពីស្ថានភាពនៃជំងឺខូចតម្រងនោម ឈានដល់ការលាងឈាម ដែលជាដំណាក់កាលធ្ងន់ធ្ងរ ហើយត្រូវចំណាយប្រាក់ច្រើនប្រចាំសប្តាហ៍លើការលាងឈាម តារាចម្រៀងស្រីមានវ័យ ៣៤ ឆ្នាំ និងជាកូនពៅក្នុងគ្រួសារមានបងប្អូនបង្កើត ៨ នាក់ ខណៈដែលកំពុងមានអ្នកម្តាយវ័យ ៧១ ឆ្នាំ ក៏មានជំងឺខូចតម្រងនោមដែរ ក្រៅពីទទូចដល់មន្ទីរពេទ្យរដ្ឋឲ្យបន្ធូរបន្ថយថ្លៃលាងឈាមដល់ពលរដ្ឋទូទៅនោះ នាងក៏ចង់ចែករំលែកពីបទពិសោធខ្លះសម្រាប់បង្ការជំងឺ និងដោយសារមើលឃើញពីកំណើននៃអ្នកកើតជំងឺនេះកាន់តែសម្បូរនោះ។

កញ្ញា ស៊ីម ថៃណា បញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីការយល់ដឹងនូវជំងឺខូចតម្រងនោមតាមរយៈបទពិសោធអ្នកម្តាយខ្លួនថា៖ «ម៉ាក់ខ្ញុំ គាត់មានជំងឺនេះមួយឆ្នាំហើយ! បើដឹងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតនោះ ជំងឺនេះកាលណាដល់ថ្នាក់លាងឈាមគឺជាដំណាក់កាលចុងក្រោយហើយ។ សភាពនៃអ្នកជំងឺខូចតម្រងនោម គឺមានរូបរាងកាយស្គាំងស្គមព្រោះតែអ្នកជំងឺមិនត្រូវគេឲ្យទទួលទានទឹកច្រើន និងមានការតមអាហារនានាជាច្រើនទៀត។ តែពេទ្យក៏ធ្លាប់ប្រាប់ដែរថា ជំងឺនេះអាចព្យាបាលបានក្នុងករណីជំងឺទើបតែកកើតដំបូង បន្ទាប់ពីយើងបានពិនិត្យតាមដានសុខភាពនោះ»។

តារាចម្រៀង និងជាអតីតពិធីការិនី កញ្ញា ស៊ឹម ថៃណា បានរៀបរាប់បន្តទៀតថា៖ «សព្វថ្ងៃនាងខ្ញុំ និងបងប្អូន សហការគ្នាចេញថ្លៃសេវាកម្មលាងឈាមម៉ាក់ប្រចាំសប្តាហ៍ ដោយមួយសប្តាហ៍ត្រូវលាងឈាម ៣ ដង ហើយមួយដងតម្លៃ ៥០ ដុល្លារ។ ដូច្នេះកាលណានៅក្នុងគ្រួសារមានអ្នកកើតជំងឺខូចតម្រងនោមនោះ គឺត្រូវមានបន្ទុកចំណាយជាប្រចាំហើយ។ អ៊ីចឹងមានតែជម្រាបដល់បងប្អូនទាំងអស់ឲ្យមានការស្វែងយល់ពីជំងឺនេះផងក្នុងគ្រួសារខ្លួន»។

តារាចម្រៀងស្រីវ័យជ្រេតែពុំមិនទាន់មានអ្នកពេញចិន្តានោះ នាងក៏ឈឺឆ្អាលដល់គ្រួសារអ្នកជំងឺទូទៅផងដែរថា៖ «ជំងឺខូចតម្រងនោម ខូចក្រលៀន ហើយត្រូវលាងឈាមមានកំណើនច្រើននៅប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ននេះ។ ក្នុងនោះក៏មានវត្តមានម្តាយខ្ញុំមួយដែរ។ ពេលដែលម្តាយខ្ញុំធ្លាក់ក្នុងដំណាក់កាលលាងឈាម រូបភាពបែបណាក៏ឃើញដែរ មានអ្នកខ្លះមកពីខេត្តឆ្ងាយៗ ហើយមើលជីវភាពខ្សត់ខ្សោយទៀត»។

កញ្ញាបន្ថែមថា៖ «ជំងឺនេះគេហៅថា ជំងឺអ្នក-មានត្រូវចំណាយលុយរហូត ដែលអ្នកខ្លះត្រូវលាងឈាមមួយអាទិត្យ ៣ ដង ហើយម្តង ៥០ ដុល្លារ។ លទ្ធភាពគ្រួសារខ្ញុំទប់ស្ទើរតែមិនចង់បានផង ចុះទម្រាំបងប្អូនដែលខ្សត់ខ្សោយមកពីខេត្តពិបាកយ៉ាងណាទៅ? ប្រសិនជាអាច នាងខ្ញុំសូមសំណូមពរដល់ក្រសួងសុខាភិបាល មេត្តាជួយសម្រួល និងបន្ធូរបន្ថយតម្លៃលាងឈាមឲ្យបានធូរស្រាលជាងនេះបន្តិចគឺល្អណាស់។ ដោយក្តីគោរពពីនាងខ្ញុំ ស៊ីម ថៃណា»៕
ប្រភព៖ប៉ុស្ត៏ខ្មែរ

Leave a Reply

Your email address will not be published. Required fields are marked *