ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ (Vovinam Sea Championship) លើកទី៥ ឆ្នាំ២០១៨ ដែលមីយ៉ាន់ម៉ាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ បានចាប់ផ្ដើមការប្រកួតផ្លូវការហើយ នៅថ្ងៃទី០៩ ខែសីហានេះ គ្រាដែលបើកឆាកក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿង គឺមេដាយមាស១ និងមេដាយសំរឹទ្ធ៣។

តាមការឲ្យដឹងពីទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា សម្រាប់មេដាយមាស គឺដណ្ដើមបានលើវិញ្ញាសាសម្ដែងនារីម្នាក់ និងបុរស ៣នាក់ គឺមានវត្តមានកីឡាករ ប្រាក់ សុវណ្ណនី, លី បូរ៉ាមី, សាន សុជាតិ និងកីឡាការិនី ប៉ាល់ ឆរស្មី។ រីឯមេដាយសំរឹទ្ធ ៣គ្រឿង ដណ្ដើមបានលើវិញ្ញាសាសម្ដែងបុរស ៣នាក់ប្រើអាវុធ, វិញ្ញាសាប្រយុទ្ធនារីទម្ងន់ ៤៨គីឡូក្រាម និងវិញ្ញសាប្រយុទ្ធបុរសទម្ងន់ ៦០គីឡូក្រាម។

យ៉ាងណាមិញ បេសកកម្មរបស់ក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា នៅមិនទាន់បញ្ចប់នោះទេ ខណៈព្រឹត្តិការណ៍នេះ គ្រោងនឹងបញ្ចប់នាថ្ងៃទី១២ ខែសីហាខាងមុខ។ ជាមួយគ្នានោះកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីសរុប ២២នាក់ទៅចូលរួម ហើយថ្នាក់ដឹកនាំសហព័ន្ធមានការជឿជាក់ខ្ពស់ថា កម្ពុជានឹងដណ្ដើមបានមេដាយមាសបន្ថែមទៀត នាថ្ងៃបន្ដបន្ទាប់ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here