ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

នៅក្នុងវេទិកាថ្នាក់ជាតិលើកទ២ ស្តីពី ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព្រឹត្តទៅនៅវិមានសន្តិភាព ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអោយដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ក្នុងសមត្ថកិច្ចរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ក្រសួងបរិស្ថានបានផ្ទេរមុខងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរបរិស្ថានជាសេនាធិការ។
លោក សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថានបានខិតខំជំរុញការអនុវត្តសារាចរណែនាំ លេខ០៥ ស.រ.ណ.ន. ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយសហការជាមួយគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីពង្រឹងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ ដោយបានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ។
ក្នុងវេទិការថ្នាក់ជាតិនេះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថាបច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងខិតខំធ្វើការកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ រួមមាន «តំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍» បោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិ រៀបចំផែនការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោះស្រាយទំនាស់ដីធ្លី សហការចុះបញ្ជីដីធ្លី និងរៀបចំផែនទីសម្រាប់ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដូចជា ដីលំនៅដ្ឋាន ដីសមូហភាពជនជាតិដើមភាគតិច សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងតំបន់ការពារធម្មជាតិ ក៏ដូចជាសម្រាប់ការកំណត់ និងបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះដែរ តាមរយៈយុទ្ធនាការរបស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅទូទាំងប្រទេសត្រូវបានលុបបំបាត់ទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចមួយចំនួន ដូចជា ការលួចកាប់ឈើ និងការកាប់រុករានទន្ទ្រានយកដីរដ្ឋនៅបន្តកើតមាន ហើយការរុករក និងធ្វើអាជីវកម្មរ៉ែ ក៏ដូចជា ការប្រើប្រាស់ដីនៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ជាមូលដ្ឋានកង
ទ័ព នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ បន្តរួមគ្នាចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *